ប្រទេស​ថៃ ជិត​បញ្ចេញ «ទិ​ដ្ឋ​ការ​ប្រភេទ ១០ ឆ្នាំ» ដើម្បី​ទាក់ទាញ​បុគ្គលិក​ជំនាញ​ពី​បរទេស

លិខិតឆ្លងដែនថៃ

ក្នុង​ខែកញ្ញា​ខាងមុខនេះ អាជ្ញាធរ​ថៃ នឹង​ចាប់ផ្ដើម​ផ្ដល់​ទិដ្ឋាការ​ប្រភេទ ១០ ឆ្នាំ ដើម្បី​ទាក់ទាញ​កម្លាំង​ពលកម្ម​ជំនាញ និង​អ្នកវិនិយោគ​បរទេស ក្នុងនោះ ថៃ ក៏មាន​បំណង​អូសទាញ​ពលរដ្ឋ​មកពី ប្រទេស​ជប៉ុន ប្រមាណ ១ លាន​នាក់​ផងដែរ ក្នុង​រង្វង់ ៥ ឆ្នាំ​ខាងមុខ។

ការបញ្ចេញ​ទិដ្ឋាការ​ប្រភេទ​រយៈពេល​យូរ ត្រូវបាន​គេ​យល់ថា ដើម្បី​បង្កើន​កម្លាំង​ប្រកួតប្រជែង​សម្រាប់​វិស័យសំខាន់ៗរបស់ ប្រទេស​ថៃ ដូចជា រថយន្ត អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ជីវសាស្ត្រ​ជាដើម។ អគ្គលេខាធិការ​នៃ​គណៈកម្មការ​វិនិយោគ​ថៃ (BOI) Nartis Therdsteerasukdi បាន​ថ្លែងថា ទិដ្ឋាការ​រយៈពេល​យូរ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទាក់ទាញ «ប្រភពធនធាន​មនុស្ស​ដែលមាន​ជំនាញ ពី​បរទេស» និង​ត្រូវ​ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី ០១ កញ្ញា​ខាងមុខ។

បច្ចុប្បន្ន ប្រទេស​ថៃ កំពុង​ស្វែងរក​ក្រុម​អ្នកជំនាញ​ពី​បណ្ដា​ក្រុមហ៊ុន ឬ​វិទ្យាស្ថាន​ស្រាវជ្រាវ​ដែលមាន​ជំនាញ​ទាក់ទង​នឹង​ប្រភេទ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ចំនួន ១០ រួមមាន​ដូចជា រថយន្ត​អគ្គិសនី អេឡិចត្រូនិក ឱសថ និង​ការពារជាតិ​ជាដើម។ល។

ក្រុមមនុស្ស​ដែល​ត្រូវបាន​ក្រុមហ៊ុន​បរទេស​ជ្រើសរើស បើសិន​ចង់​ធ្វើការ​ពី​ចម្ងាយ​ក៏​អាចដាក់​ពាក្យស្នើសុំ​ទិដ្ឋាការ​ថ្មី និង​រើ​មក​ស្នាក់នៅ ប្រទេស​ថៃ។ អ្នក​ដែលមាន​ទ្រព្យ​ចាប់ពី ១ លាន​ដុល្លារ​អាម៉េរិក និង​អ្នក​ចូលនិវត្តន៍​ដែលមាន​ប្រាក់ខែ​ស្ថិរភាព​ក៏​ឱ្យ​ដាក់ពាក្យ​បាន។

អ្នក​ដែល​ត្រូវបាន​ជ្រើសរើស​នឹង​ទទួលបាន​លិខិត​ការងារ​ប្រភេទ​អេឡិចត្រូនិក។ រដ្ឋាភិបាល​ថៃ នឹង​បញ្ចុះ​អត្រាពន្ធ​លើ​ប្រាក់ចំណូល​របស់​ពួកគេ។ បណ្ដា​ក្រុមហ៊ុន​ដែល​ទទួលយក​ធនធាន​មនុស្ស​ខាងលើ​នឹង​ត្រូវបាន​លើកលែង​ការកំណត់​ដែល​តម្រូវឱ្យមាន​បុគ្គលិក​ថៃ ៤ ម្នាក់ លើ​បុគ្គលិក​បរទេស​ម្នាក់ ដែលជា​គោលការណ៍​កំពុង​ត្រូវបាន​អនុវត្ត​ដើម្បី​ការពារ​កម្លាំង​ពលកម្ម​ក្នុងស្រុក​នាបច្ចុប្បន្ន​រប​ស់ ប្រទេស​ថៃ។

កម្មវិធី​ផ្ដល់​ទិដ្ឋាការ​ថ្មី​នេះ​គឺជា​កម្មវិធី​ទី​បី​ដែល ប្រទេស​ថៃ ធ្វើឡើង​ដើម្បី​ទាក់ទាញ​អ្នកជំនាញ និង​អ្នកវិនិយោគ បរទេស។ ក្នុងចំណោម​កម្មវិធី​ទាំងពីរ​ដែល​បាន​អនុវត្ត​កន្លង គេ​ឃើញថា កម្មវិធី​លិខិតអនុញ្ញាត​ពលកម្ម​បាន​អូសទាញ​មេដឹកនាំ​ក្រុមហ៊ុន និង​អ្នកជំនាញ​ជាង ៥០,០០០ នាក់ មកពី ប្រទេស​ជប៉ុន, ចិន, កូរ៉េខាងត្បូង និង​ប្រទេស​ជាច្រើន​ផ្សេងទៀត ក្នុង​រយៈពេល ៦០ ឆ្នាំ​កន្លងមកនេះ។

>ព័ត៌មាន​ទាក់ទង ៖ ថៃ អនុម័ត​គោលនយោបាយ​ផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស

កម្មវិធី​ផ្ដល់​ទិដ្ឋាការ​រយៈពេល​យូរ​ថ្មី​នេះ ត្រូវបាន រាជរដ្ឋាភិបាល​ថៃ ប្រកាស​នៅក្នុង​គ្រា​ដែល​ការប្រកួតប្រជែង​នៅក្នុង​តំបន់ មានការ​កើនឡើង​កាន់​តែ​ខ្ពស់ ក្នុង​បំណង​បង្កើត​វិស័យ​ឧស្សាហកម្ម និង​បណ្ដាញ​ផ្គត់ផ្គង់ថ្មី៕

 

Advertisement