គម្រោង​ «ចិញ្ចឹម​សាច់» ដោយ​មិន​កាប់​សម្លាប់សត្វ​ របស់​ Good Meat និង​ផ្គត់​ផ្គង់​សាច់​សិប្បនិម្មិត​ជាង ១៣ ពាន់​តោន/ឆ្នាំ

(សហរដ្ឋ​អាម៉េរិក)-Good Meat ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Eat Just នឹង​សាងសង់​រោងចក្រ​ដែលមាន​ម៉ាស៊ីន ឬ​ឡ​ប្រតិកម្ម​ជីវសាស្ត្រ​ចំនួន ១០ គ្រឿង ដែល​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដើម្បី​ចិញ្ចឹម​សាច់ ក្នុងនោះ ឡនីមួយៗមាន​ចំណុះ ២៥០,០០០ លីត្រ។

ប្រកាស​កាលពី​ថ្ងៃទី ២៥ ឧសភា របស់​ក្រុមហ៊ុន​ខាងលើ​បាន​បញ្ជាក់ថា រោងចក្រ​របស់​ពួកគេ​នឹង​ផលិត​សាច់គោ និង​សាច់មាន់​សិប្បនិម្មិត។ ឡ​ប្រតិកម្ម​ជីវសាស្ត្រ​របស់ Good Meat នឹង​ប្រើប្រាស់​កោសិកា​រស់​ដែល​បានមកពី​ធនាគារ​កោសិកា ឬ​ស៊ុត ដូច្នេះ​នឹងមិន​មានការ​កាប់សម្លាប់​សត្វ​ឡើយ។

បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ប្រហែល ១៧០ ក្នុង​ពិភពលោក កំពុងតែ​អភិវឌ្ឍ​សាច់​សិប្បនិម្មិត ប៉ុន្តែ Good Meat គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​លក់​ផលិតផល​របស់ខ្លួន​នៅក្នុង​ទីផ្សារ​នាបច្ចុប្បន្ន។ ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​ផ្គត់ផ្គង់​សាច់មាន់​ដែល​ចិញ្ចឹម​ពី​កោសិកា​សត្វ​មាន់នៅ សិង្ហ​បុរី កាលពី​ខែធ្នូ ២០២០

ការចិញ្ចឹម​សត្វ​នាំឱ្យ​ប៉ះពាល់​បរិស្ថាន ព្រោះតែ​វា​បំ​ភាយ​ឧ​ស្ម័យ​មេតាន ការកាប់​ព្រៃឈើ​យក​កន្លែង​ធ្វើ​កសិដ្ឋាន និង​ការប្រើប្រាស់​ទឹក​ច្រើន ដូច្នេះ ការចិញ្ចឹម​កោសិកា​ដើម្បីឱ្យ​វា​ធំធាត់​ទៅជា​សាច់​គឺជា​ដំណោះស្រាយ​ល្អ។

អ្នកគាំទ្រ និង​អ្នក​ដែល​បាន​បរិភោគ​សាច់សត្វ​សិប្បនិម្មិត​បានឱ្យដឹងថា សាច់​ដែល​ចិញ្ចឹម​ពី​កោសិកា​គឺមាន​រសជាតិ​ដូច​ទៅនឹង​សាច់សត្វ​ដែល​គេ​ចិញ្ចឹម​ដោយ​ឱ្យ​ចំណី។

ក្រុមហ៊ុន Good Meat កំពុង​សាងសង់​ឡ​ប្រតិកម្ម​ជីវសាស្ត្រ​ចំនួន ១០ ក្នុងនោះ ឡនីមួយៗមាន​ចំណុះ ២៥០,០០០ លីត្រ និង​កម្ពស់ ៤ ជាន់ ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក​នៅក្នុង​វិស័យនេះ។ ក្នុង​រយៈពេល ៣ ខែ​ទៀត ឡ​ទាំងនេះ​នឹងត្រូវ​បានដាក់​ក្នុង​រោងចក្រ​របស់ Good Meat នៅ សហរដ្ឋ​អាម៉េរិក។

តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ចុងឆ្នាំ ២០២៤ និង​អាច​ផ្គត់ផ្គង់​សាច់​សិប្បនិម្មិត​ចំនួន ១១,៨០០ តោន​នៅ​ឆ្នាំ ២០២៦ និង ១៣,៧០០ តោន​នៅ​ឆ្នាំ ២០៣០។

សាច់មាន់អាំងសិប្បនិម្មិតនៅក្នុងចង្ក្រានរបស់ភោជនីដ្ឋាន Eat Just

 

Advertisement