តួ​ក​គី ចាប់បាន «មេបញ្ជាការ» ថ្មី​របស់​ក្រុម​ភេរ​វករ រដ្ឋ​អ៊ីស្លាម (Islamic State)

ជម្រករបស់មេភេរវករ Abu Ibrahim al-Qurashi នៃក្រុមរដ្ឋអ៊ីស្លាម (IS) ដែលត្រូវបាន កម្លាំងពិសេសរបស់ សហរដ្ឋអាម៉េរិក កម្ចាត់ចោលកាលពីខែកុម្ភៈ ២០២២

ក្រុមមន្ត្រី​នៃ ប្រទេស​តួ​ក​គី បានឱ្យដឹងថា អាជ្ញាធរ​ប្រទេស​នេះ​បាន​ចាប់ខ្លួន​មេបញ្ជាការ​ថ្មី​របស់​ក្រុម​ភេរ​វករ រដ្ឋ​អ៊ីស្លាម (IS) នៅក្នុង​ការ​ឆ្មក់​ចូលចាប់​ខ្លួន​នៅឯ ទីក្រុង​អ៊ី​ស្តង់​ប៊ុល (Istanbul)។

ក្រុមមន្ត្រី​ជាន់ខ្ពស់​រប​ស់ តួ​ក​គី សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី ២៦ ឧសភា បាន​បង្ហើប​ឱ្យដឹងថា កម្លាំង​ចារកម្ម និង​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​របស់​ប្រទេស​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​បុរស​ម្នា​ក់នៅ អ៊ី​ស្តង់​ប៊ុល ដែល​ពួកគេ​ជឿថា ជា​មេបញ្ជាការ​ថ្មី​របស់​ក្រុម​ភេរ​វករ អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ក្រោយពី​មេ​ភេរ​វករ Abu Ibrahim al-Qurashi ត្រូវបាន អាម៉េរិក កម្ចាត់​កាលពី​ខែកុម្ភៈ។

គេហទំព័រ OdaTV របស់ តួ​ក​គី បានឱ្យដឹងថា បុរស​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​គឺ Abu al-Hassan al-Qurayshi ប៉ុន្តែ មិនបាន​ឱ្យដឹង​អំពី​ព័ត៌មាន​លម្អិត។ ព័ត៌មាន​នានា​កន្លងមក​ក៏បាន​បញ្ជាក់ថា មេបញ្ជាការ​ថ្មី​នៃ​ក្រុម​ភេរ​វករ IS មាន​ឈ្មោះថា Abu al-Hassan al-Qurayshi ប៉ុន្តែ មាន​ព័ត៌មាន​តិចតួច​នៅឡើយ​ទាក់ទង​នឹង​បុរស​រូបនេះ។

ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan ត្រូវបាន​គេ​ជឿថា បានទទួល​របាយការណ៍​ស្ដីពី​យុទ្ធនាការ​ឆ្មក់​ចូលចាប់​ខ្លួន​មេ​ភេរ​វករ​ខាងលើ​កាលពី​ថ្ងៃទី ២៦ ឧសភា ហើយ​គ្រោង​នឹង​ប្រកាស​ព័ត៌មាន​នេះ​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

ក្រុមមន្ត្រី​តួ​ក​គី ឱ្យដឹងថា ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​បាន​តាមដាន​ជម្រក​របស់​បុរស​នេះ​អស់​រយៈពេល​យ៉ាងយូរ។ យោងតាម OdaTV ប៉ូលិស​តួ​ក​គី មិនបាន​ផ្ទុះអាវុធ​ឡើយ​នៅ​ក្នុងការ​វាយឆ្មក់​នេះ។

តួ​ក​គី បាន​ប្រយុទ្ធ​ជាមួយ អង្គការ​រដ្ឋ​អ៊ីស្លាម នៅក្នុង​ប្រទេស​នេះ និង​នៅ ប្រទេស​ស៊ីរី ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ព័ត៌មាន​ស្ដីពី​ការចាប់ខ្លួន​មេ​ភេរវ​ករ​ថ្មី​នេះ​ត្រូវ​បានលើកឡើង​ក្នុង​គ្រា​ដែល រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា ប្រកាសថា ជិត​បើក​យុទ្ធនាការ​យោធា​ថ្មី​នៅ ស៊ី​រី ដើម្បី​ប្រឆាំងនឹង​ក្រុម​ជនជាតិ Kurd ដែលមាន សហរដ្ឋ​អាម៉េរិក នៅ​ពីក្រោយ ប៉ុន្តែ ត្រូវបាន តួ​ក​គី ចាត់ទុកជា​ក្រុម​ភេរ​វករ។

អតីត​មេបញ្ជាការ​របស់ ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម Abu Ibrahim al-Qurashi ត្រូវបាន​កងកម្លាំង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក វាយឆ្មក់​ចូលក្នុង​ផ្ទះ​នៅ Idlib ភាគ​ពាយព្យ​នៃ ប្រទេស​ស៊ី​រី កាលពី​ថ្ងៃទី ៣ កុម្ភៈ។ យោងតាម មន្ត្រី​សេត​វិមាន និង​ក្រុមមន្ត្រី​ការពារជាតិ​អាម៉េរិក al-Qurashi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដើម្បី​បញ្ចៀស​ការចាប់ខ្លួន។

Advertisement