FBI ប្រកាស​ផ្ដល់​រង្វាន់ 50,000 ដុល្លារ​ដើម្បី​រកមុខ​អ្នក​ដាក់​គ្រាប់បែក​នៅ​វ៉ា​ស៊ី​ង​តោន

FBI ប្រកាស​ផ្ដល់​រង្វាន់ 50,000 ដុល្លារ​ដើម្បី​រកមុខ​អ្នក​ដាក់​គ្រាប់បែក​នៅ​វ៉ា​ស៊ី​ង​តោន

FBI បានប្រកាស​បង្ហាញ​រូបថត និង​រង្វាន់ 50,000ដុល្លារ​អាមេរិក​ដើម្បី​ស្វែងរក​ជនសង្ស័យ​ដែល​បាន​ឆ្លៀតឱកាស​លើ​ករណី​វឹកវរ​ដោយសារ​បាតុកម្ម​នៅ​វិមាន​សភា​ដើម្បី​បង្កៃ​គ្រាប់បែក។

រូបថត​ដែល​ត្រូវបាន​ការិយាល័យ​ជាតិ​ស៊ើបអង្កេត (FBI) ប្រកាស​កាលពី​យប់​ថ្ងៃទី 7 ខែមករា បង្ហាញថា ជនសង្ស័យ​គឺជា​បុរស​ម្នាក់ ពាក់​ម៉ាស ពាក់អាវ​យឺត​ធំ​មាន​មួក និង​ពាក់​ស្រោមដៃ។ បុរស​នេះ​ត្រូវបាន​គេ​ជឿថា ជាប់ទាក់ទង​នឹង​ករណី​ដាក់​គ្រាប់បែក​បំពង់​ដែល​កែច្នៃ​ដោយ​ខ្លួនឯង​នៅ​ខាងក្រៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណៈកម្មការ​ជាតិ​នៃ​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី 6 ខែមករា។ ទីស្នាក់ការ​របស់​គណៈ​កម្ម​ជាតិ​នៃ​បក្ស​ទាំងពីរ​មាន​ចម្ងាយ​ពី​វិមាន​សភា​តែ​ប៉ុន្មាន​ជួរ​ផ្ទះ​ប៉ុណ្ណោះ។

FBI នឹង​ផ្ដល់​រង្វាន់​ចំនួន 50,000ដុល្លារ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ផ្ដល់ព័ត៌មាន​នាំទៅរក​ការកំណត់​អត្តសញ្ញាណ ចាប់ខ្លួន និង​ដាក់ទោស​ដល់​អ្នក​ដែល​ទទួលខុសត្រូវ​ក្នុងករណី​ដាក់​គ្រាប់បែក​នេះ។ ជនសង្ស័យ​បាន​ឆ្លៀតឱកាស​នៃ​ភាពច្របូកច្របល់​ដែល​កើតឡើង​ដោយសារ​បាតុករ​សម្រុក​ចូល​វិមាន​សភា​អាមេរិក ដើម្បី​ដាក់​បង្កៃ​គ្រាប់បែក។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យដឹងថា គ្រាប់បែក​ទាំងពីរ​គ្រាប់​នេះ​សុទ្ធតែ​អាច​ផ្ទុះ និង​បង្ក​ការខូចខាត​ធំធេង​ដល់​ជីវិត បើសិន​ត្រូវបាន​បំផ្ទុះ។ ក្រុម​បុគ្គលិក​ផ្នែក​រាវ​មីន បន្ទាប់មក​ក៏បាន​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​ដើម្បី​បំបែក​ផ្នែកនីមួយៗរបស់​គ្រាប់​បែកចេញ​ពីគ្នា មុនពេល​បិទ​មិនឱ្យ​ផ្ទុះ នៅ​ចំ​ពេលដែល​ក្រុមបាតុករ​គាំទ្រ​លោក Trump សម្រុកចូល​វិមាន​សភា។ FBI ក៏​កំពុង​ប្រមូល​តម្រុយ​នានា​ដែល​អាចពាក់ព័ន្ធ​នឹង​ករណី​ដាក់​គ្រាប់បែក​នេះ។

សូម​រំលឹកថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន 5 នាក់​បាន​ស្លាប់ បន្ទាប់ពី​បាតុករ​រាប់រយ​នាក់​ដែល​គាំទ្រ​លោក Donald Trump បាន​សម្រុកចូល​តំបន់ Capitol Hill កាលពី​ថ្ងៃទី 6 ខែមករា ដើម្បី​រារាំង​សភា​អាមេរិក​មិនឱ្យ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​បញ្ជាក់ថា លោក Joe Biden ជា​អ្នកទទួលបាន​ជ័យជំនះ។ ក្នុងចំណោម​ជនរងគ្រោះ​ក៏មាន​ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ និង​ប៉ូលិស​ម្នាក់​ប្រចាំ​នៅ​តំបន់ Capitol Hill ផងដែរ។

មនុស្ស​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា បាន​កាន់កាប់​កាំភ្លើង​ខុសច្បាប់ និង​ប្រើប្រាស់​អាវុធ​ដែល​ត្រូវបាន​ហាមឃាត់ រំលោភ​លើ​បទបញ្ជា​បម្រាម​គោចរ​របស់​ទីក្រុង និង​សម្រុកចូល​វិមាន​សភា​ដោយ​ខុសច្បាប់។

បន្ទាប់ពី​មាន​អំពើហិង្សា​នៅ​វិមាន​សភា ប្រធានាធិបតី Donald Trump ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ក្រុមបាតុករ​ដែល​បានធ្វើ​ឱ្យមាន​ភាពវឹកវ​រ​នេះដែរ៕

ប្រភព៖ USA Today

Advertisement